ថ្ងៃពុធ ទី២៨ ខែឧសភា ឆ្នាំ២០៥០
ចាងហ្វាងការផ្សាយ ៖ លោក លាង គីម / ការិយាល័យនិពន្ធ ៖ 090 90 53 33
រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹក​ជញ្ជួន និង​លោក សេង ឈួន ប្រធាន​ជញ្ជីង​ថ្លឹង​រថយន្ដ​ចល័ត​ទូទាំង​ប្រទេស គួរ​ដាក់​មន្ត្រី​ជំនាញ​ក្រោម​ឱវាទ​ចុះ​សិក្សា​ស្រាវជ្រាវ ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត ផ្លូវជាតិ​លេខ ៤ ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល ប្រែក្លាយ​ទៅ​ជា​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​លុយ ទាំង​យប់​ទាំង​ថ្ងៃ ប្រព្រឹត្ត​របៀប​អំពើពុករលួយ​.!
Mon,19 May 2025 (Time 07:57 AM)
ដោយ ៖ NNC TV Online ដោយ លាង គីម / ទូរស័ព្ទទំនាក់ទំនង ​៖ ០១២ ៣៩ ១៩ ៤៥ | ០១១ ៣៩ ១៩ ៤៥ (ចំនួនអ្នកអាន: 42នាក់)

កណ្ដាល ៖ ប្រភព​ពី​ក្រុម​ឈ្មួញ ដឹក​ទំនិញ​ឆ្លងកាត់​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ដ​ផ្លូវជាតិ​លេខ​៤​ស្រុក​អង្គស្នួល បាន​បញ្ជាក់​ឲ្យដឹងថា សព្វថ្ងៃនេះ ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​៤ ស្រុក​អង្គស្នួល កំពុង​សប្បាយចិត្ត ប្រមូល​លុយ​ចែកគ្នា ធ្វើ​មាន​ធ្វើបាន យ៉ាង​សុខ​ស្រួល ទោះបី​រថយន្ត​ធំៗ ផ្ទុក​លើស​ទម្ងន់​នៅតែ​អាច​ធ្វើ​សកម្មភាព​ទាំង​យប់​ទាំង​ថ្ងៃ មិន​អ្វី​ទាំងអស់​។​

​ប្រភព​ពី​ក្រុម​អាជីវករ​តូច ធំ ដែល​ដឹក​ជញ្ជូន ទំនិញ​ពី​ខេត្ត​ផ្សេងៗ ជាពិសេស​ចេញពី​ខេត្ត​កំពង់ស្ពឺ ដឹក​ខ្សាច់ ថ្ម ឆ្លងកាត់​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​៤​ស្រុក​អង្គស្នួល បានឲ្យដឹងថា ទោះបី​ពួកគេ​ផ្ទុក​លើស​ទម្ងន់ ឬ​មិន​លើស​ទម្ងន់​យ៉ាងណា​ក៏ដោយ ក៏​ត្រូវតែ​បង់​លុយ​តាម​ការកំណត់ របស់​ក្រុមមន្ត្រី​ប្រចាំការ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង រថយន្ត​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤​ស្រុក​អង្គស្នួល ខេត្ត​កណ្តាល មិន​អាច​រំលង​បាន​។​

​មេ​ឈ្មួញ​និង​អាជីវករ​មួយចំនួន​បាន​បន្ថែមទៀតថា ពួកគាត់​ដឹកជញ្ជូន​ទំនិញ ឬ​កសិផល​ផ្សេងៗ ចេញពី​ទីក្រុង​ភ្នំពេញ ឆ្ពោះ​ទៅ​បណ្ដា​ខេត្ត​នានា ឆ្លងកាត់​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​៤ ស្រុក​អង្គស្នួល ខេត្ត​កណ្តាល ដោយ​គោរព​តាម​ច្បាប់​កំណត់​ក៏​នៅតែ​ចៀស​មិន​ផុត​ពី​បង់លុយ ឲ្យ​ក្រុម​មន្ត្រី​ពុករលួយ និង​បក្សពួក​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​នោះដែរ ។ ហេតុនេះហើយ​ទើប​មានការ​អំពាវនាវ​ដល់​លោក គួច ចំរើន អភិបាលខេត្ត​កណ្ដាល ទេីប​ឡើងកាន់តំណែង​ថ្មីៗ និង លោក ប៉េង ពោធិ៍​នា រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ របស់ ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​និង​ក្រុមមន្ត្រី​ប្រចាំការ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​៤​ស្រុក​អង្គស្នួល ជាបន្ទាន់ ។​

​ប្រភព​ពី​មន្ត្រី​ក្នុង​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​កណ្ដាល បានឲ្យដឹងថា ការ​ដែល​ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ចំណុច​ស្រុក​អង្គស្នួល គាប​យក​លុយ​ពី​ឈ្មួញ​និង​អាជីវករ​តាម​អំពើ​ចិត្ត គឺ​មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​ប្រធាន​មន្ទីរ​សាធារណ ការ​និង​ដឹកជញ្ជូន និង​មន្ត្រី ធំៗ ខាង​លើ​ផង​ដែរ​។​

​ជា​ការពិត​អាជីវករ​និង​ពួក​ឈ្មួញ មួយចំនួន​បាន​ប្រើប្រាស់​រថយន្ត​វ៉េ​អង​ធំៗ រថយន្ត​សណ្ដោង​កន្ទុយ​សណ្ដោង​រ៉ឺម៉ក​ផ្ទុកទំនិញ​លើស​ទម្ងន់ បើកបរ​ឆ្លងកាត់​មុខ​មន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​៤​ស្រុក​អង្គស្នួល ដោយ​គ្មាន​ការព្រួយបារម្ភ ផ្ទុយ​ទៅ​វិញ​មន្ត្រី​ទាំងនោះ គ្រាន់តែ​តម្រូវឲ្យ​ម្ចាស់​រថយន្ត ខ្នាច​ធំ ដឹកជញ្ជូន​ទំនិញ​លើស​ទម្ងន់​បង់លុយ​តាម​ការកំណត់ គឺជា​ការ​ស្រេច​ដោយ​មិន​ខ្វល់ ពី​រឿង​រថយន្ត​ទាំងនោះ ធ្វើឲ្យ​ខូច​ផ្លូវខូច​ស្ពាន​ឡើយ​។​

​ប្រភព​ពី​ប្រជាពលរដ្ឋ​ក្នុង​ស្រុក​អង្គស្នួល ខេត្ត កណ្តាល បានឲ្យដឹង​ទៀតថា ពេល​រថយន្ត​ធំៗ ដឹក​ទំនិញ​លើស​ទម្ងន់​បើកបរ​ឆ្លងកាត់​មុខ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត គេ​តែង​សង្កេត​ឃើញ​ព្រូរ​ឡាន​ឬ​តៃកុង​រត់​ឆ្លងផ្លូវ​យ៉ាង​ប្រសេចប្រសាច​ទៅ​បង់លុយ​ឲ្យ ប្រធាន​ជញ្ជីង​នឹង​ក្រុម​មន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត តាម​ការកំណត់​ដោយ​មិន​អាច​តវ៉ា​បាន​ឡើយ​។​ប្រសិនបើ​ឈ្មួញ​ឬ​អាជីវករ​ណា​ម្នាក់​ហ៊ាន​តវ៉ា​ប្រាកដជា​ត្រូវ​ក្រុម​មន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​លើ​ផ្លូវជាតិ​លេខ​៤ ក្នុង​ស្រុក​អង្គស្នួល ខេត្ត​កណ្តាល រក​រឿង​ឲ្យ​រើ​ទំនិញ​ចុះឡើង តាម​ទំនេី​ង​ចិត្ត របស់​ពួកគេ​ជា​មិនខាន់ឡើយ ។​

​ហេតុនេះហើយ​ទើប​រថយន្ត​ធំៗ ដឹកជញ្ជូន​ទំនិញ​លើស​ទម្ងន់​រាប់​តោន​ហូរហៀរ​ខុស​លក្ខណៈ​បច្ចេកទេស នៅតែ​អាច​បើកបរ​លើ​ផ្លូវជាតិ​លេខ ៤ យ៉ាង​គគ្រឹកគគ្រេង បណ្ដោយ​ឲ្យ​ខូច​ផ្លូវខូច​ស្ពាន ជា​បន្តបន្ទាប់ ។ បញ្ហា​នេះ​ដែល លោក ប៉េង ពោធិ៍​នា រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន និង លោក សេង ឈួន ប្រធាន​ជញ្ជីង​ទូទាំង​ប្រទេស មិន​គួរ​មើលរំលង​តទៅទៀត​នោះ​ទេ​!​ព្រោះ​ក្រុម​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​៤
​ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល កំពុង​ក្លាយទៅជា​ជញ្ជីង​ថ្លឹង​លុយ​តែ​ម្យ៉ាង​គត់​។​